|
ថ្ងៃពុធ ទី15 ធ្នូ ឆ្នាំ2010 ម៉ោង10:01 |
|
 
គិតមកដល់ចុងឆ្នាំ២០១០នេះនៅរាជធានីភ្នំពេញ ក្លឹបហាត់ប្រាណបានរីកស្គុះស្គាយគួរឲ្យកត់សម្គាល់។ បើតាមការសង្កេតក្លឹបហាត់ប្រាណនៅរាជធានីភ្នំពេញមានប្រមាណ៥ (មិនគិតក្លឹប កម្រិតខ្ពស់តាមសណ្ឋាគារធំៗ) កាលពីឆ្នាំ ២០០៥ មកដល់បច្ចុប្បន្ននេះកើនឡើងប្រមាណជា៤០ កំពុងប្រកបអាជីវកម្មយ៉ាងសកម្មបម្រើដល់អតិថិជនរបស់ខ្លួន ។ លោក ពាន់ ភួងមីនា ជាម្ចាស់ក្លឹបហាត់ប្រាណ ជា សួគ៌ មានប្រសាសន៍ថា ក្លឹបហាត់ប្រាណរបស់ខ្ញុំបានចាប់កំណើតតាំងពីឆ្នាំ២០០៥ តែកាលនោះមានទីតាំងនៅខាងត្បូងសាលាអនុវិទ្យា ល័យបឹងត្របែក។ លោកមីនា រំលឹកឡើងវិញថា កាលនោះវាហាក់ដូចជារឿងចៃដន្យមួយក្នុងការប្រកបអាជីវកម្មក្លឹបហាត់ប្រាណនេះ គឺខ្ញុំបានបន្តអាជីវកម្មពីម្ចាស់ក្លឹបហាត់ប្រាណមួយ ដែលគាត់ពុំអាចបន្តធ្វើអាជីវកម្មបានគួបផ្សំនឹងចំណូលចិត្តក្នុងការហាត់សាច់ដុំរបស់ខ្ញុំពីមុនមកផង ខ្ញុំក៏សាកល្បង ព្រោះខ្ញុំគិតថា ខ្ញុំមានទេពកោសល្យពីធម្មជាតិខ្លះ និងឆ្លងកាត់ការហ្វឹកហាត់កន្លងមកវាបង្កឲ្យខ្ញុំអាចពន្យល់ណែនាំដល់អតិថិជនរបស់ខ្ញុំ។ ក្រោយការសម្រេចចិត្តបន្តអាជីវកម្មពីគេ ដូចការ រំពឹងទុក ការប្រកបអាជីវកម្មរបស់ខ្ញុំនៅទីតាំងខាងលើទទួលបានជោគជ័យគួរសម គឺមានអតិថិជនចេញចូលហាត់ប្រាណមិនដែលដាច់ថ្ងៃណាមួយទេ ដោយមើលឃើញពីអាជីវកម្មរបស់ខ្ញុំ ដំណើរការបានល្អមកដល់ចុងឆ្នាំ២០០៧ ម្ចាស់ទីតាំងពុំព្រមបន្តកិច្ចសន្យាជួលទីតាំងឲ្យខ្ញុំទៀតទេ គឺគាត់ចាប់ដំណើរការអាជីវកម្មដោយខ្លួនឯង។ ដោយគ្មានជម្រើសខ្ញុំក៏ប្តូរទីតាំងក្លឹបហាត់ប្រាណ របស់ខ្ញំទមកទីតាំងបច្ចុប្បន្ននេះ គឺនៅដីឡូតិ៍លេខ៤៥៣ ផ្លូវ៤៥៦ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្ថិតនៅខាងលិចផ្សារបឹងត្របែកថ្មី ប្រមាណជា២០ម៉ែត្រ ។
លោក មីនា បន្តថា ក្លឹបរបស់ខ្ញុំចាប់បើកទ្វារបម្រើអតិថិជនពីម៉ោង៤:៣០នាទីព្រឹក រហូតដល់ម៉ោង២០:០០ ជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះមានអតិថិជនប្រចាំក្លឹបប្រមាណ២០០នាក់ បានមកហាត់ប្រាណដើម្បីសុខភាព ក្នុងនោះមានអតិថិជនខ្លះលេងប៉េងប៉ុង ខ្លះប្រើឧបករណ៍ហាត់សាច់ដុំ (Gyms) ខ្លះប្រើម៉ាស៊ីនរត់ ម៉ាស៊ីនសម្រកខ្លាញ់ ម៉ាស៊ីនម៉ាស្សា និងខ្លះទៀតជ្រើសរើសយក លំហាត់ប្រាណតាមចង្វាក់ភ្លេងផងដែរ ។
ឆ្លើយតបនឹងសំណួរតើមានភាពងាយស្រួល និងការលំបាលកអ្វីខ្លះក្នុងការប្រកបអាជីវកម្ម ក្លឹបហាត់ប្រាណ? ម្ចាស់ក្លឹប ជា សួគ៌ មានប្រសាសន៍ថា បច្ចុប្បន្ននេះភាពងាយស្រួលហាក់ដូចជាពុំមានទេ តែវាមានចំណុចល្អមួយត្រង់ថា អាជីវកម្មនេះមិនសូវព្រួយបារម្ភដូចជាការប្រកបរបរបើក ភោជនីយដ្ឋាន ឬ កន្លែងកំសាន្តនានា តែបើនិយាយពីការលំបាកវិញគឺមានច្រើនជាង ដូចជា ឧបករណ៍ដែលបំពាក់សុទ្ធតែនាំចូលមកពីក្រៅប្រទេស ពេលខូចលំបាករកគ្រឿងបន្លាស់ គឺពុំមានលក់ក្នុងស្រុក ពេលយើងបញ្ជាទិញមានតម្លៃថ្លៃ គឺស្រេចតែក្រុមហ៊ុនជាអ្នកកំណត់ថ្លៃ ហើយទំរាំបានយកមកជួសជុល គឺចំណាយពេលយូរថ្ងៃខាតទាំងពេលវេលាខាតទាំងថវិកា។ មួយវិញទៀត បច្ចុប្បន្ននេះ ក្លឹបហាត់ប្រាណបានរីកព្រោងព្រាត សូម្បីតែនៅជិតៗក្លឹបរបស់ខ្ញុំមានរហូតដល់ទៅ៥ក្លឹប ដូចនេះត្រូវប្រកួតប្រជែងគ្នាដើម្បីដណ្តើមអតិថិជន ទាំងលើសេវាផ្សេងៗដូចជាការថែទាំ មធ្យោបាយធ្វើដំណើររបស់គាត់ គឺត្រូវចាក់សោរ និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ជាដើម ។ ឯការ បង្ហាត់បង្ហាញពីវិធីហាត់ឲ្យបានត្រឹមត្រូវក៏ចាំបាច់ដែរ ទោះជាក្លឹបរបស់ខ្ញុំពុំមានគ្រូអាជីព ប៉ុន្តែខ្ញុំបានប្រើប្រាស់បទពិសោធ និងសាកសួរពីរៀមច្បងនានាមកបង្ហាត់បង្ហាញបន្តទៀត ហើយអតិថិជន អាចទទួលយកបាន នៅពេលដែលលទ្ធផលគាត់ទទួលបានដូចការគ្រោងទុក។ ការលំបាកមួយ ទៀតគឺចរន្តអគ្គិសនីមានតម្លៃថ្លៃ បើប្រៀបធៀបនឹងតម្លៃដែលយកពីអតិថិជន គឺ ១.០០០រៀល ក្នុងរយៈពេល១០នាទី ចំពោះឧបករណ៍ប្រើចរន្តអគ្គិសនីដូចជាម៉ាស៊ីនរត់ ម៉ាស៊ីនម៉ាស្សា ជាដើម យកមកទូទាត់ថ្លៃភ្លើងស្ទើរមិនរួចខ្លួន នេះមិនទាន់គិតដល់សំណឹកម៉ាស៊ីនផង តែបើអតិថិជនប្រើឧបករណ៍ Gyms វិញគឺយកតែ ១.០០០រៀល តែប៉ុណ្ណោះ តាំងពីពេលគាត់ចាប់ផ្តើមហាត់ រហូតគាត់សម្រេចចិត្តថាឈប់ ។
លោក មីនា បានផ្តាំផ្ញើជាចុងក្រោយថា បើយុវជនណាចង់បានសាច់ដុំស្អាតអាចមកហ្វឹក ហាត់នៅក្លឹបរបស់ខ្ញុំ ព្រោះខ្ញុំផ្ទាល់ក៏មានបទពិសោធលើការហាត់សាច់ដុំ និងមានរៀមច្បងជាច្រើន ដែលមានសាច់ដុំធំៗ និងស្អាតល្អចាំជួយបង្ហាត់បង្ហាញមិនឲ្យខុសបំណងទេ ៕ |
|
កែចុងក្រោយនៅ ថ្ងៃពុធ ទី15 ធ្នូ ឆ្នាំ2010 ម៉ោង10:16 |